Adobe Photoshop ជាកម្មវិធីដែលពេញនិយមក្នុងការកាត់ត កែខៃ និងរចនារូបភាព ។ លោកអ្នកដែលកំពុងប្រើប្រាស់កម្មវិធីនេះ ប្រហែលជាធ្លាប់ជួបបញ្ហាមួយចំនួនទាក់ទង នឹងល្បឿនដំណើរការពេលកំពុងប្រើប្រាស់ ។ បញ្ហាយឺត ឬគាំងភាគច្រើនកើតឡើងនៅពេលដែលអ្នកធ្វើការជាមួយរូបភាពទំហំធំ ដូចជា ប្រភេទ HDR, 3D ឬ Video Layers ជាដើម ។ ថ្ងៃនេះសំបុកអាយធី នឹងបង្ហាញលោកអ្នកពី គន្លឹះមួយចំនួនដែលអាចជួយបង្កើនល្បឿន កម្មវិធី Adobe Photoshop ឲ្យដំណើរការប្រសើរជាធម្មតា ។
១. កំណត់ការប្រើប្រាស់ Memory
កម្មវិធី Adobe Photoshop ជាប្រភេទកម្មវិធី 64-bit ដែលដំណើរការយ៉ាងប្រសើរជាងប្រភេទ 32-bit ដែល 64-bit អាចដាក់ Memory (RAM) រហូតដល់ 192GB ដែល 32-bit ដាក់បានប្រហែល 4GB តែប៉ុន្នោះ ។ ប្រសិនបើលោកអ្នកតែងតែប្រើប្រាស់កម្មវិធីនេះ ជាមួយការងាររូបភាពធំៗ ឬប្រភេទមួយចំនួនដូចរៀបរាប់ខាងលើ លោកអ្នកគួរបន្ថែម RAM ទៅលើកុំព្យូទ័រ ដើម្បីឲ្យងាយក្នុងការអនុវត្តន៍ការងារ និងមិនងាយគាំងកុំព្យូទ័រ ។
ជាទូទៅកម្មវិធី Photoshop នឹងប្រើប្រាស់ ៧០% ចំនួន RAM ដែលលោកអ្នកមាន ។ អ្នកអាចកំណត់ដោយខ្លួនឯងបាន ដោយចូលទៅកាន់ Preferences > Performance ហើយសូម Restart កម្មវិធីទើបលោកអ្នកអាចប្រើប្រាស់តាមការកំណត់ថ្មីបាន ។

២. ការប្រើប្រាស់ Scratch Disks
នៅពេលដែលលោកអ្នកប្រើប្រាស់កម្រិតសមត្ថភាព RAM នោះកុំព្យូទ័រលោកអ្នកនឹងកើតទំហំរក្សាទុកបណ្តោះអាសន្ន ដែលវានឹងបាត់ទៅវិញពេលដែលលោកអ្នកបិទ កម្មវិធី ឬ Restart កុំព្យូទ័រ ។ ជាទូទៅ Scratch Disk គឺនៅជាមួយនឹង Drive មេ (Boot Partition) ដែលកម្មវិធីទាំងអស់នឹងរក្សានៅក្នុង Drive មួយនោះ (នៅក្នុង Windows គឺ Drive C) ។ លោកអ្នកអាចបន្ថែម Drive ផ្សេងទៀតដែលលោកអ្នកគិតថាអាចដាក់បាន ដើម្បីជួយកាត់បន្ថយកម្រិតនៃការគាំងដំណើរការ ពេលដែលវាអស់ទំហំរក្សាទុក នៅលើ Drive តែមួយ ។ សូមចូលទៅកាន់ Preferences > Performance នោះលោកអ្នកនឹងឃើញ Drive ដែលអាចបន្ថែមបាន ។

៣. ពិនិត្យមើល Efficiency Indicator
សូមក្រឡេកមើលត្រង់ Effeciency ពេលដែលលោកអ្នកធ្វើការលើ Photoshop ។ វានឹងប្រាប់ឲ្យលោកអ្នកដឹង នៅពេលដែលកម្មវិធី Photoshop បានប្រើអស់ RAM ហើយចាប់ផ្តើមប្រើ Scrach Disk ដែលអាចដំណើរការយឺតជាងមុន ។ លោកអ្នកអាចជ្រើសយក Effeciency តាម Status Bar (មើលរូប) ។ ប្រសិនបើអ្នកឃើញ Effiency តិចជាង ១០០% មានន័យថា Photoshop កំពុងប្រើ Scrach Disk ហើយ និងបើឃើញ ៩០% ទៅ ៩៥% មានន័យថា លោកអ្នកត្រូវការបន្ថែម RAM (ចំណុចទី ១ខាងលើ) ។

៤. បន្ថយកម្រិតភាពច្បាស់
មុននឹងចាប់ផ្តើមធ្វើការលើរូបភាពណាមួយ លោកអ្នកប្រាកដជាដឹងទំហំដែលត្រូវការ ដូចជាទំហំត្រឹម ៦០០ ភីចសែល ជាដើម នោះលោកអ្នកមិនគួរធ្វើការលើរូបភាព ដែលមានទំហំរាប់ពាន់ភីចសែលនោះទេ ។ សូមលោកអ្នកធ្វើការបង្រួមរូបភាព មុននឹងកែខៃ ឬប្រើប្រាស់ Filter បន្ថែមលើរូបនោះ ។ ការបន្ថយទំហំ វាពិតជាប៉ះពាល់ដល់កម្រិតភាពច្បាស់ បើលោកអ្នកពង្រីកឲ្យធំជាងមុន វានឹងមិនច្បាស់ (ព្រិលៗ) តែអ្នកអាច Undo វាវិញបាន ប្រសិនបើមិនទាន់បានកែខៃ ឬកំណត់ Filter បន្ថែមលើវា ។

៥. បិទឯកសារដែលមិនចាំបាច់
វាប្រាកដណាស់ដែលលោកអ្នក មិនគួរបើកឯកសាររូបភាពណា ដែលលោកអ្នកលែងប្រើចោល ឲ្យស៊ី Memory នោះទេ ។ សូមបិទវាម្តងមួយៗ ហើយកុំភ្លេចរក្សាទុកផង បើមានការកែប្រែលើរូបទាំងនោះ ។

៦. កំណត់ការរក្សាទុក (Save)
លោកអ្នកអាចជ្រើសរើសជម្រើសនៃការរក្សារូបភាព តាមតម្រូវការដោយចូលទៅកាន់ Preferences > File Handlingបើអ្នកចង់ឲ្យ Photoshop ធ្វើការរក្សាទុករូបភាពដោយស្វ័យប្រវត្តិ ក្នុងអំឡុងពេលដែលកំពុងធ្វើការលើវា សូមចុចលើSave in Background ។ ការកំណត់ឲ្យរក្សាទុករូបភាពដោយស្វ័យប្រវត្តិ (Automatically Save Recovery … ) ក្នុងរយៈពេល ១០នាទីម្តង ឬតិចជាងនេះ អាចចំណាយទីតាំង និងទំហំរក្សាទុកច្រើនជាងធម្មតា ដូច្នេះលោកអ្នកអាចកំណត់ឲ្យវារក្សាទុករាល់ប៉ុន្មានម៉ោងម្តង ជំនួសឲ្យប១០នាទីម្តង វិញ ។ រាល់ដំណើរការរក្សាទុក លោកអ្នកនឹងឃើញ Progress Bar បង្ហាញពីដំណើរការរក្សាទុក ។

៧. Purge History និង Clipboard
លោកអ្នកអាចលុបចោល (Purge) នូវព័ត៌មានដែលធ្លាប់បានប្រើពីមុន ហើយលែងត្រូវការទៀត ដោយចូលទៅកាន់ Edit > Purge > All ។ វាពិតជាមានសារៈសំខាន់សម្រាប់លោកអ្នកដែលបានចម្លងរូបភាពទំហំធំ (ជាប់នឹង Clipboard) បើយើងលែងប្រើវាហើយ សូមលុបវាចោល កុំឲ្យខាតការចំណាយរបស់ RAM ។

៨. បិទ Panel Previews និង Thumbnails
សម្រាប់ Layers, Channels និង Paths លោកអ្នកគួរតែបិទការបង្ហាញមុន (previews) សម្រាប់គ្រប់ Panel សូមចូលទៅកាន់ Menu > Panel Options > None ។ ការបិទការបង្ហាញមុននេះ វាអាចពិបាកក្នុងការមើល និងស្វែងរក Layer បន្តិចមែន តែវានឹងមិនមានបញ្ហាទេ ចំពោះលោកអ្នកដែលចេះរៀបចំ Layer តាមក្រុម និងកំណត់ឈ្មោះបានច្បាស់លាស់ ។ ការបិទនេះទៀតសោធ នឹងជួយបង្កើនល្បឿន Photoshop និងកាត់បន្ថយការចំណាយ Memory ច្រើនផងដែរ ។

ក្រោយពីបានអនុវត្តន៍តាមមួយចំនុចៗ រួចហើយលោកអ្នកនឹងសង្កេតឃើញថា កម្មវិធី Photoshop លោកអ្នកនឹងដំណើរការប្រសើរជាងមុន ដែលមិនងាយនឹងគាំង ពេលកំពុងប្រើ ឬបិទដោយស្វ័យប្រវត្តិជាដើម ។ សូមដាក់មតិ ឬសំណួរទាក់ទងនឹងប្រធានបទនេះ នៅក្នុងប្រអប់ខាងក្រោម បើលោកអ្នកនៅមិនទាន់ច្បាស់ត្រង់ចំណុចណាមួយនោះ ។