khmerpost khmerpost Author
Title: ភ្នំ​ជីតា​ពេជ្រ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ស្រស់បំព្រង​នៅលើ​ទឹកដី​ខេត្តតាកែវ​
Author: khmerpost
Rating 5 of 5 Des:
  លោក វិសិទ្ធ ​ -  ​ខេត្តតាកែវ ៖ លោក ឯម សុវណ្ណារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​តាកែវ​បាន​មានប្រសាសន៍ប្រាប់​ «​ ខ្មែរ​ដេលី​ »​ ឲ...



 លោក វិសិទ្ធ
​ខេត្តតាកែវ ៖ លោក ឯម សុវណ្ណារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​តាកែវ​បាន​មានប្រសាសន៍ប្រាប់​«​ខ្មែរ​ដេលី​»​ឲ្យដឹងថា ភ្នំ​ជីតា​ពេជ្រ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ទើបនឹង​រៀបចំ​ថ្មី​មាន​សោភ័ណភាព​ស្រស់បំព្រង​និង​ត្រូវបាន​ប្រារព្ធ​ធ្វើ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​កាលពី ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១០ កន្លងទៅ​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ភ្នំ​ជីតា​ពេជ្រ​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ វត្តភ្នំ ឃុំ​កំពែង ស្រុក​គិរីវង់ ខេត្តតាកែវ មាន​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​២​ត្រង់​ចំណុច​វត្ត​ឧទ្ទម្ពរ​ខាងជើង​ផ្សារ​ទន្លាប់​១០០​ម៉ែត្រ​ឆ្ពោះទៅ​ទិស​ខាងលិច និង​៦៥​គីឡូម៉ែត្រ​ពី​ក្រុង​ដូន​កែវ​។ រមណីយដ្ឋាន​នេះ ផ្តើម​កសាងឡើង​ដោយ​ឧបាសិកា តាន់ វិច​ហុង ដោយ​ចំណាយ​អស់​ទឹកប្រាក់​សរុប​ចំនួន​៤៩៥ ០០០​ដុល្លារ​សហរដ្ឋអាមេរិក ចំណាយ​ទៅលើ​ការកសាង​ជណ្តើរ​បេតុង​ឡើងលើ​កំពូលភ្នំ​ប្រវែង​១៧០​ម៉ែត្រ​ស្មើនឹង​២៤៣​កាំ សាលា​ដំណាក់​ចំនួន​៤ បន្ទប់​អនាម័យ ព្រះពុទ្ធ​រូបអង្គ​តូច​១​ធ្វើ​អំពី​ថ្ម​ភក់ រូបសំណាក​តាបស​១​អង្គ​ធ្វើ​ពី​ថ្មភក់ និង​រូបសំណាក​ព្រះពុទ្ធ​ទ្រង់​ឈរ​លើ​បល្ល័ង្ក​នៅលើ​កំពូល ភ្នំ​កម្ពស់​១៣.៥០​ម៉ែត្រ​ធ្វើ​អំពី​ថ្មភក់​។​

​ភ្នំ​ជីតា​ពេជ្រ​ជា​ឈ្មោះ និង​ជា​ទីកន្លែង​មួយ​ដែល​បច្ចុប្បន្ន​ត្រូវបាន​គេ​ស្គាល់​ច្រើន ក្នុង​មជ្ឈដ្ឋាន​អ្នក​ចូលចិត្ត​ដើរ​លេង​កម្សាន្ត​តាម​ទីជិត​ឆ្ងាយពីព្រោះ​ភ្នំ​ជីតា​ពេជ្រ​គឺជា រមណីយដ្ឋាន​ទេសចរណ៍​ដែល​ទើបនឹង បង្កើត​ឡើង​របស់​ទឹកដី​ចំណាស់​ខេត្តតាកែវ​។ 

​ពួក​អ្នក​ដើរ​កម្សាន្ត​បាន​និយាយ​ពី​ភាព​ល្បី​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ជា​ហេតុ​នាំឲ្យ​អ្នកទេសចរ​ចង់​ដឹង​អំពី​ស្ថានភាព​ទីតាំង និង​ប្រវត្តិ​ដើម​ភ្នំ​ជីតា​ពេជ្រ​នេះ​ឲ្យ​រឹតតែ​ច្បាស់​ព្រោះ​សម្រាប់​អ្នក​ដែល​ពុំ​បាន​ឃើញ​ចង់ដឹង​ទាំងស្រុង ចំណែក​អ្នក​ស្គាល់​ហើយ រមែង​មាន​ចម្ងល់​ពី​ប្រវត្តិ​ដើមកំណើត​ទីតាំង​នេះ​ជាមិនខាន​។​

​លោក ឯម សុវណ្ណារ៉ា ឲ្យដឹងថា ភ្នំ​ជីតា​ពេជ្រ​ជា​កូនភ្នំ​តូច​ដែល​មាន​កម្ពស់​៤០​ម៉ែត្រ កាលពី​ដើម​មាន​ព្រៃ​ក្រាស់ និង​ដើមឈើ​ធំៗ​ដែល​ផ្តល់​ជា​ជម្រក​យ៉ាង​កក់ក្តៅ​ដល់​ពពួក​ម្រឹគីម្រឹគា បក្សាបក្សី​ផង​ទាំងឡាយ​រស់នៅ​តកូនតចៅ​រៀង​រហូត​មក​ដោយ​ពុំ​សូវ​មាន​មនុស្ស​ចូល​ទៅ​ដល់​ទីនោះ​ឡើយ លុះ​ចំណេរ​ក្រោយមក​មាន​បុរស​ម្នាក់​ឈ្មោះ​ពេជ្រ​ដែល​ទើបនឹង​លា​ចាក​សិក្ខាបទ​ថ្មីៗ​តាម គន្លង​ព្រះពុទ្ធសាសនា​(ហៅ​ជី)​បាន​មក​រស់នៅ​ជើងភ្នំ​នេះ​តែ​ម្នាក់ឯង​ដើម្បី​កាប់​ឆ្ការព្រៃ​ធ្វើ​ចម្ការ​ហើយ​ក៏​ប៉ិនប្រសប់​ខាង​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ដោយ​ផ្សំ​រុក្ខជាតិ​ផ្សេងៗ​នៅ​ទីនោះ​សម្រាប់​ធ្វើ​ជា​ឱសថ​យ៉ាង​ស័ក្តិសិទ្ធិ​ក្នុង​ការជួយ​ព្យាបាល​អ្នកជំងឺ​។​

​ក្នុង​សម័យ​នោះ​តា​ពេជ្រ​មាន​ដំណាក់​តូច​មួយ​នៅ​លើ​កំពូលភ្នំ​ដែ​ល​នៅពេល​មាន​គ្រោះអាសន្ន​អ្នកស្រុក​នៅ​ទី​នោះ​តែងតែ​ទៅ​លើ​កំពូលភ្នំ​ដើម្បី​ពឹង​ឲ្យ​តា​ពេជ្រ​ជួយ​ព្យាបាល និង​បញ្ចៀស​នូវ​គ្រោះ​ចង្រៃ​ទាំងពួង​ឲ្យ​វិនាស​បាត់ទៅ​។ ជានិច្ចកាល​តា​ពេជ្រ​តែងតែ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​អ្នកស្រុក​ឲ្យ​ប្រណិប័តន៍​ប្រព្រឹត្ត​កុសលកម្ម​ធ្វើ​ទាន​រក្សាសីល​ឲ្យបាន​ជាប្រចាំ​ស្វែងរក​សេចក្តី​សុខ​រៀងៗ​ខ្លួន​។ លុះ​ក្រោយមក​ទៀត​បន្ទាប់ពី មរណភាព​របស់​តា​ពេជ្រ​អ្នកស្រុក​តែងតែ​ប្រារព្ធ​ធ្វើ​បុណ្យ​ជា​ប្រចាំ​នៅលើ​កំពូលភ្នំ  ដើម្បី​ឧទ្ទិស​មគ្គផល​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​តា​ពេជ្រ​។ ក្រោយមក​ទៀត​អ្នកស្រុក​ក៏​បាន​ហៅ​ភ្នំ​នោះ​ថា «​ភ្នំ​ជីតា​ពេជ្រ​» រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​ឆ្លង​តាម​ការ​និយាយ​រៀបរាប់​ខាងលើ របស់លោក ឯម សុវណ្ណារ៉ា នៅ​ពេល​អ្នក ទេសចរ​ទាំងឡាយ​បាន​មកដល់ និង​បាន​ឡើង​ទៅកាន់​កំពូលភ្នំ​ហើយ​នោះ​គឺ​គេ​នឹង​បាន​ប្រទះ​ឃើញ​សមិទ្ធផល​មួយចំនួន​ប្រកបទៅដោយ​សោភ័ណភាព ជាពិសេស​រូបសំណាក់​ព្រះពុទ្ធ​អង្គ​ធំ និង​ឃើញ​មនុស្ស ម្នា​ចូល​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​តាម​ការ​ប៉ងប្រាថ្នា​រៀងៗ​ខ្លួន ព្រោះ​បារមី​នៅ​ទី​ភ្នំ​ជីតា​ពេជ្រ​នេះ​ស័ក្តិសិទ្ធិ​ណាស់​។ ក្នុងពេលនោះ​ដែរ​ភ្ញៀវទេសចរ​ក៏​មិន​ភ្លេច​ឡើយ​ក្នុង​ការថត​ផ្តិត​យក​រូបភាព​សម្រាប់​ទុកជា​អនុស្សាវរីយ៍​។ ប្រសិនបើ​យើង​ចោល​ភ្នែក​ក្រឡេក​មើល​សម្រស់​ទេសភាព​ជុំវិញ​ភ្នំ​វិញ  គឺ​រឹតតែ​ស្រស់បំព្រង​ណាស់​គយគន់​ឃើញ​ដើមឈើ​តូច​ធំ​ប្រមូលផ្តុំ​ដោយ​ពណ៌​បៃតង​ខ្ចី វាលស្រែ និង​លំនៅស្ថាន​របស់​អ្នកស្រុក​ប្រៀបបាន​នឹង​ផ្ទាំងគំនូរ​អីចឹង​ដែរ​។​


​ភ្នំ​ជីតា​ពេជ្រ​ជា​កន្លែង​កម្សាន្ត​មួយ​ដែល​ពោរពេញ​ទៅដោយ​បរិយាកាស​បរិសុទ្ធ​ព្រមទាំង​លោកអ្នក​អាច​ទស្សនា​ឃើញ​នូវ​ទិដ្ឋភាព​ធម្មជាតិ​ដ៏​ល្អ​ប្រណីត​នៃ​ស្រុក​គិរីវង់​ទាំងមូល​ផង​ដែរ ដែល​អាច​និយាយបាន​ថា ទីនេះ​គឺ​ជា​ទី​សម្រាប់​សណ្តំ​មនោរ​ម្មណ៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​លង់លក់​ទៅ​នឹង​សភាវ​ធម្មជាតិ​ទាំងនោះ​។

About Author

Advertisement

 
Top