គ្រប់គ្នាសុទ្ធតែចង់ទទួលបាននូវភាពជោគជ័យនៅក្នុងជីវិត។ ប៉ុន្តែមានមនុស្សមិនតិចទេ ដែលរស់នៅក្នុងភាពស្រពេចស្រពិលមិនដឹងថាត្រូវដឹកនាំជីវិតដើរទៅតាមផ្លូវណា។ ប៉ុន្តែបើតាមការលើកឡើងរបស់បុគ្គលជោគជ័យជាច្រើនតែងឲ្យដឹងថា “ការពិតជោគជ័យ ឬបរាជ័យ ខុសគ្នាតែម្យ៉ាងគត់ គឺការគិត”។ តើអ្នកចង់ដឹងទេថា បុគ្គលជោគជ័យមួយចំនួនពួកគេបានគិតដូចម្តេចខ្លះ? ប្រាំចំណុចខាងក្រោមនេះ យើងខ្ញុំធានាថា នឹងធ្វើឲ្យជីវិតរបស់អ្នកមានការផ្លាស់ប្តូរបន្ទាប់ពីបានអានវាចប់៖
1. ត្រូវប្តេជ្ញាធ្វើអ្វីដែលខ្លួនចង់ធ្វើៈ បើគេធ្វើបាន ហេតុអ្វីយើងធ្វើមិនបាន? មនុស្សគ្រប់គ្នាគ្មាននរណាចង់ក្រ ចង់ធ្វើជនភៀសខ្លួន និងចង់រស់នៅកន្លែងមានសង្គ្រាមទេ យើងមិនចង់តែយើងមិនអាចគ្រប់គ្រងវាបាន។ អ្វីដែលយើងអាចគ្រប់គ្រងបាន គឺមានតែពេលវេលា ចំណង់ និងទង្វើរបស់យើងតែប៉ុណ្ណោះ។ ព្រោះមនុស្សគ្រប់រូបតែងតែមានសំពាធ តែសំខាន់យើងមិនឲ្យសំពាធទាំងនោះវាមកគ្របដណ្តប់លើជីវិតយើងបាន។
2. ទម្លាប់ប្រើការគិត២ ឬ៣ក្នុងពេលតែមួយៈ ប្រើខួរក្បាលឲ្យទៅមុខរហូត ព្រោះខួរក្បាលរបស់យើងប្រៀបបានទៅនឹងដីល្បាប់អញ្ចឹង បើយើងដាក់ល្វា គឺវាដុះផ្លែល្វា បើយើងដាំអ្វី គឺវាដុះហ្នឹង។ ដីវាមិនដឹងថា អ្វីគឺជាគ្រាប់ដូង គ្រាប់ត្នោត ឬគ្រាប់ល្វាឡើយ រីឯខួរក្បាលក៏ដូចគ្នាដែរ បើយើងដាំអ្វីចូលទៅ នោះវានឹងទទួលបានរបស់នោះមកវិញ។ អ្នកដាក់ភាពស្មុគស្មាញ វាចេញមកស្មុគស្មាញ។ អ្នកខ្លះមានតែគំនិតទុទិដ្ឋិនិយម រហូតដល់ខួរក្បាលរបស់គាត់ជឿថាអ្វីៗលើលោក គឺងងឹតទាំងអស់។ អ្នកខ្លះគិតតែពីរកដំណោះស្រាយ រហូតខួរក្បាលរបស់គាត់គិតរកតែដំណោះស្រាយ។ ការធ្វើពីរ ឬបីក្នុងពេលតែមួយ ឧទាហរណ៍ ដូចជាពេលជិះឡានលោកអ្នក អាចស្តាប់វិទ្យុបារាំង ឬវិទ្យុ BBCបាន។ ពេលមើលទូរទស្សរន៍ លោកអ្នកអាចហាត់ប្រាណបាន ព្រោះខ្ញុំយល់ឃើញថា ពេលប្រើខួរក្បាល ដៃជើងយើងនៅទំនេរ ចុះហេតុអ្វីបានជាយើងមិនធ្វើអ្វីឲ្យមានប្រយោជន៍បន្ថែម។
3. ជីវិតគឺជាការរៀនសូត្រៈ ជីវិតយើងប្រៀបបានដូចជាភ្លើងស្តុបឈប់អញ្ចឹងដែរ បើសិនភ្លើងខៀវឡានគេទៅមុខ តែឡានយើងមិនទៅមុខ គឺមានន័យថាយើងថយក្រោយហើយ ទោះបីយើងមិនបានបើកថយក្រោយក៏ដោយ។ ដូច្នេះជីវិត គឺត្រូវតែរៀនរហូត។ រៀនមិនមែនតែរូបភាពទៅសាលាទេ ក្នុងជីវិតអ្វីៗក៏ជាការរៀនដែរ មើលការសែត តាមដានព័ត៌មាន ជជែកគ្នាពីការងារសុទ្ធតែជាការរៀនទាំងអស់។ ព្រោះការរៀនមិនមានថ្ងៃឈប់ទេ បើដល់ថ្ងៃដែលយើងឈប់ គឺមានតែថ្ងៃដែលយើងស្លាប់។
4. ធ្វើឲ្យអស់ពីសមត្ថភាពចាញ់ ឬឈ្នះយើងកុំខ្វល់ៈ នៅក្នុងជីវិតកុំគិតរឿងឈ្នះ ឬចាញ់ ព្រោះយើងធ្វើអ្វីមួយមិនមែនត្រូវរហូត និងឈ្នះរហូតបានទេ។ ដូចគ្នាទៅនឹងការងារមេធាវីផងដែរ គ្មានមេធាវីណាមួយដែលការពារកូនក្តីឲ្យឈ្នះរហូតបាននោះទេ។ យើងត្រូវមានចិត្តមួយថា "ធ្វើអ្វីក៏ដោយត្រូវប្រឹងឲ្យអស់ពីសមត្ថភាព បើបានក៏បាន បើមិនបានយើងទៅមុខទៀត។ យើងប្រឹងប្រកួតប្រជែងមែន តែបើចាញ់មិនត្រូវតូចចិត្តទេ គឺយើងត្រូវរៀនសូត្រថាហេតុអ្វីបានជាយើងចាញ់ ដើម្បីយកមកធ្វើជាបទពិសោធន៍នៅក្នុងជីវិតវិញ។
5. ជោគជ័យមិនមែនជាការប្រៀបផ្ទឹមៈ មិនមែនអ្នកមានលុយច្រើនជាងខ្ញុំ អ្នកជោគជ័យជាងខ្ញុំទេ។ ព្រោះជីវិតមិនមែនជាការប្រៀបធៀបឡើយ បើយើងប្រៀបធៀប គឺប្រៀបធៀបខ្លួនយើងថា តើឆ្នាំមុនយើងធ្វើបានប៉ុនណា និងឆ្នាំនេះធ្វើបានប៉ុនណា ហើយឆ្នាំក្រោយនឹងត្រូវធ្វើបានប៉ុនណា។ នៅពេលដែលយើងគ្រប់គ្រងខ្លួនឯងបានហើយ ជោគជ័យមួយទៀត គឺជាអ្វីដែលយើងបានធ្វើទៅកាន់សង្គម តែបើយើងមិនបានចែករំលែកអ្វីដែលមានទៅសង្គមទេ គឺមានន័យថា យើងមិនទាន់បានជោគជ័យពិតប្រាកដឡើយ៕