គ្រប់គ្នាបានស្គាល់តិចឬច្រើនអ្វីទៅដែលហៅថា ការទល់លាមក។ ថ្វីបើការទល់លាមកនេះ អាចរំខានយើងខ្លាំង ឬអាចជំរុញឱ្យមានឈឺចុកចាប់ខ្លាំងក៏ពិតមែន តែការទល់លាមកមិនមែនជាជំងឺធ្ងន់ធ្ងរទេ។ ប៉ុន្តែនៅក្នុងករណីខ្លះ ករណីដែលការទល់លាមកអូសបន្លាយ កើតឡើងជាញឹកញាប់ជាប់ៗគ្នារាប់ខែ រាប់ឆ្នាំ បូកផ្សំបន្ថែមដោយការឈឺចុកចាប់ជាប់ជាប្រចាំទៀតនេះ គឺមានការចូលដឹកចូលមន្ទីរពេទ្យទេ។ ការទល់លាមកបែបនេះ គេហៅថា ជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ និងត្រូវទទួលការព្យាបាលពិសេស។
ឈឺខ្លាំង ប៉ោងហើមពោះ ពិបាកទៅបត់ជើងធំ
ទាំងនេះសុទ្ធសឹងជារោគសញ្ញាបញ្ជាក់ថាមានជំងឺទល់លាមក។
ជាទូទៅស្ត្រីជួបបញ្ហានេះច្រើនជាងបុរស។ ចំពោះកុមារវិញ
ក្មេងប្រុសមានអាការៈទល់លាមកច្រើនជាងកុមារី។
ទល់លាមក សម្គាល់ឡើងដោយការភាពយឺតយ៉ាវនៃការបន្ទោរបង់ លាមករឹងស្ងួត ព្រោះខ្សោះអស់ជាតិទឹក។ មនុស្សម្នាក់ៗខុសគ្នា ខ្លះត្រូវការបញ្ចេញចោលជារៀងរាល់ថ្ងៃ ខ្លះពីរថ្ងៃម្តង។ និយាយជារួម គ្មានទេក្បួនពិតប្រាកដថា មនុស្សម្នាក់ត្រូវទៅជុះប៉ុន្មានដងក្នុងមួយថ្ងៃនោះទេ។ ទល់លាមកគឺជាកំណត់ចំណាំរបស់បុគ្គលផ្ទាល់តែម្តង។
ភាគច្រើន ការទល់លាមកច្រើនកើតឡើងម្តងម្កាល រួចក៏បាត់ទៅវិញដោយខ្លួនឯង ឬដោយការប្តូរផ្លាស់របបអាហារ ឬអនាម័យក្នុងការរស់នៅ ហាត់ប្រាណធ្វើកីឡា។ តែក៏មានដែរការទល់លាមកជាប្រចាំ។
អាការៈទល់លាមកម្តងម្កាល ច្រើនតែកើតឡើង នៅពេលស្ត្រី មានផ្ទៃពោះ ខែចុងក្រោយ ឬបន្ទាប់ពីបរិភោគអាហារបន្តជាប់គ្នាអត់ទៅបត់ជើង ឬ ក្រោយពីធ្វើដំណើរឆ្ងាយ។
ការទល់លាមករ៉ាំរ៉ៃ អាចធ្វើឱ្យបុគ្គលម្នាក់អាក់ខានធ្វើអ្វីមិនកើត ជាប់ៗគ្នារយៈពេលចាប់ពី៦ខែឡើងទៅ ដោយមូលហេតុផ្សេងៗ។
តើនឹងមានហេតុអ្វីកើតឡើង ដែលនាំឱ្យ ទល់លាមក ? នៅពេលធម្មតា បន្ទាប់ពីទទួលទានអាហារ ដាក់ចូលក្នុងមាត់ទំពារ រួចលេបចូល តាមបំពង់អាហារទៅ ចំណីនោះក៏ធ្លាក់ចូលទៅដល់ក្រពះ។ ក្រពះកិនបំបែក និងស្រូបយកជីវជាតិនៅក្នុងចំណីទាំងអម្បាលទៅចែកចាយឱ្យសរីរាង្គផ្សេងទៀត តាមរយៈយន្តការនិងសកម្មភាពបំផ្លែងតាមបែបធម្មជាតិ។ ការរំលាយអាហារ បន្តធ្វើនៅក្នុងពោះវៀនតូច ដែលនៅទីនោះ ជ្រាំងពោះវៀនស្រូបជីវជាតិ ពីអាហារជាពិសេស វីតាមីន និងអំបិលរ៉ែ ទៅចិញ្ចឹមខ្លួនប្រាណ។
ជីវជាតិណាដែលសរីរាង្គកាយយើងមិនត្រូវការស្រូបយកទេ បន្តដំណើរចុះទៅដល់ពោះវៀនធំ។ ការរំលាយអាហារនៅទីនេះមិនសូវជាប្រយោជន៍អ្វីផ្នែកចិញ្ចឹមរាងកាយទេ។ តែនៅដំណាក់កាលនេះ អាចមានការខ្សោះនិងសម្ងួត ព្រោះជាតិទឹកត្រូវបានស្រូវយកដោយពោះវៀនធំ។ ជាចុងក្រោយសំណល់ចំណីអាហារបានក្លាយជាលាមក ដែលត្រូវយកទៅស្តុកទុកនៅក្នុងថង់លាមក មុន បញ្ចេញចោលមកក្រៅដោយសាច់ដុំខ្ជឹបទ្វារធំ លា។
ការទល់លាមកអាចជាផលវិបាកនៃជំងឺ (ជំងឺប្រព័ន្ធប្រសាទ ជំងឺមេតាបូលិក ...) ឬនៃការប្រើថ្នាំមួយចំនួន។ ជួនកាលការទល់លាមកនេះបណ្តាលមកពីភាពយឺតយ៉ាវនៃវឌ្ឍនកម្មផ្នែកលាមកនៅក្នុងពោះវៀន (ក្នុងករណីនេះ គេហៅការទល់លាមកវឌ្ឍនកម្មconstipation de progression)។ ក្នុងករណីមួយទៀត ដំណើរការវឌ្ឍនកម្មសំណល់លាមក ប្រព្រឹត្តទៅដោយធម្មតា ប៉ុន្តែអ្នកជំងឺមានបញ្ហាផ្នែកបន្ទោរបង់ ដោយសារតែបំបែកចុងក្រោយនៃពោះវៀនធំ (ថង់លាមក និង ទ្វារធំ) មានដំណើរការមិនត្រឹមត្រូវ (ទល់លាមកនៅចុង constipation terminale)។
ស្តីអំពីសណ្ឋានលាមកវិញ គេអាចធ្វើការវាយតម្លៃដោយយោលទៅតាមមាត្រាដ្ឋាន Bristol ដែល បែងចែង លាមកមនុស្សជា៧ប្រភេទ ទៅតាមទម្រង់ ពីអាចម៍ដូចទន្សាយ ទៅនឹងអ្វីដែលស្រដៀងនឹងសាច់ក្រក …។ ទម្រង់នៃលាមកប្រែប្រួលទៅតាមពេលវេលាដែលស្នាក់នៅក្នុងពោះវៀនធំ។ លាមកប្រភេទទី ១ និងទី២ ជាបង្កឱ្យមានការទល់។
យើងអាចធ្វើតេស្តមើលលាមកតាមមាត្រដ្ឋាន ដើម្បីកំណត់ថាអ្នកមានការទល់លាមកឬអត់
រយៈពេលទល់លាមក មុនឬបន្ទាប់ពីមានលាមករាវ អាចជាការបង្កជាភ័ន្តច្រលំនឹងអាការៈរាករូស។ ក្នុងករណីនេះត្រូវព្យាបាលដូចមានការទល់លាមកធម្មតា។
បន្ទាប់ពីបានអនុវត្តន៍តាមការណែនាំឱ្យប្តូរផ្លាស់របបអាហារ ឬសម្រួលឥរិយាបថធ្វើកីឡាហាត់ប្រាណហើយ ការទល់លាមកនៅតែមានលក្ខណៈរំខានខ្លាំងដដែល គេអាចទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជា ឱ្យធ្វើការវិភាគផ្សេងៗ ដើម្បីអាចកំណត់បានច្បាស់អំពីប្រភពដែលនាំឱ្យមានការទល់លាមក។ គ្រូពេទ្យអាចសិក្សាអំពីភាពផ្ញោចរបស់ថង់លាមកនិងសាច់ដុំខ្ជឹបទ្វារ។
មានបច្ចេកទេសវិភាគមួយទៀតឈ្មោះថា biofeedback។ ដោយមានជំនួយជាសម្ពាធអេឡិចត្រូនិក ថតនៅលើអេក្រង់ biofeedback នឹងទៅបង្កើនអារម្មណ៍លើសាច់ដុំឱ្យកន្ទ្រាក់ ភ្ជាប់ទំនាក់ទំនងរវាងពោះវៀនតូចនិងសាច់ដុំខ្ជឹបមាត់ទ្វារធំ ឱ្យដឹងបិទដឹងបើកនិងបញ្ជូនកាលសំណល់ចេញ។
ក្នុងករណីទល់លាមកខ្លះទៀត ជាពិសេសពេលមានការទល់លាមកនៅចុង ពោលគឺអ្នកជំងឺមានការលំបាកនឹងប្រឹងបញ្ចេញលាមក លំហាត់រៀនជុះពីរបីដង (បង្រៀនមនុស្សឱ្យចេះបញ្ជាសាច់ដុំត្រូវកន្លែងឱ្យធ្វើការ) អាចជួយអ្នកមានបញ្ហាទល់លាមកប្រកបដោយសុវត្ថិភាពដោយមិនចំណាយថ្នាំ។
ដំបូន្មាន៥យ៉ាងសម្រាប់ព្យាបាលការទល់លាមក
ការព្យាបាលជំងឺមួយ គឺអាស្រ័យទាំងស្រុងទៅនឹងដើមហេតុ។ ក្រៅអំពីការព្យាបាលឱ្យចំលើកត្តាបង្កហេតុ ត្រូវមានការគោរពអនាម័យ និងវិន័យក្នុងការរស់នៅមួយចំនួន ដូចខាងក្រោម ៖
- បង្កើនការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុសរសៃ។ សារធាតុសរសៃ ដែលអាចបញ្ចៀស ការហើមពោះ។ សូមទទួលទានឱ្យបានពី១៥ទៅ ៤០ក្រាមក្នុងមួយថ្ងៃ។ សារធាតុសរសៃនេះ មានសម្បូរនៅក្នុងគ្រាប់ធញ្ញជាតិ បន្លែបៃតង ពពួកសណ្តែក សណ្តែកគួរ សណ្តែកបារាំង ហោឡាំងតាវ និងផ្លែឈើ។ ពពួកចំណីអាហារទាំងនេះ សម្បូរជាតិទឹក និងបង្កើនបរិមាណលាមក ព្រមទាំងមានសកម្មភាពជួយជំរុញល្បឿនឱ្យឆាប់ចង់ទៅជុះ។
- ពិសារទឹក យ៉ាងតិចបំផុត ១លីត្រកន្លះក្នុងមួយថ្ងៃ។ ផ្សើមក្រពះពោះវៀនទៀងទាត់ជាប្រការចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទល់លាមក។
- ធ្វើកីឡា និងបញ្ចេញសកម្មភាព ហាត់ប្រាណ ជារៀងរាល់ថ្ងៃ
- បើការអនុវត្តន៍របបអាហារនិងកាយសម្បទាសមគ្រប់ត្រឹមត្រូវហើយ នៅតែមិនអាចដោះស្រាយបញ្ហាទល់លាមកបានទៀត សូមប្រើថ្នាំជំនួយការជុះ សម្រាប់រយៈពេលខ្លី
ប៉ុន្តែសូម ប្រយ័ត្ន ព្រោះថ្នាំបញ្ចុះ មានហានិភ័យខុសៗគ្នា។ មានថ្នាំខ្លះពុលខ្លាំងណាស់ និងថ្នាំខ្លាំងទៀត គ្មានគ្រោះសោះ។ ការនេះទាមទារឱ្យបុគ្គលគ្រប់រូបគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបានទទួលថ្នាំបញ្ចុះត្រឹមត្រូវមានសុវត្ថិភាព។ ថ្នាំបញ្ចុះល្អ គេអាចប្រើជាប់ញយៗដង និងដោយគ្មានបង្កឱ្យទល់លាមកជាប់ជាប្រចាំទេ៕